រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៧

0

(កំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនឪពុកម្ដាយ ។

ឯកឧត្តមអភិបាលខេត្តក៍បានបន្តទៀតថា នេះគឺជាការឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខនោះ។ បង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងបងប្អូនទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជា មួយនិងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមក របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឲ្យបានទៅលំទូលាយពីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន។