បន្ទាយមានជ័យ៖អ្នកធ្វើដំណើរនិងអ្នកបើកបរឬអ្នកប្រើប្រាសផ្លូវថ្នល់ត្រូវតែយល់ដឹងនិងមានសុជីវធម៌ គុណធម័ជាចម្បង ។ពោលគឺលើសពីការគោរពច្បាប់ សញ្ញាចរាចរណ៍ផ្លូវគោកទើបមានសុវត្ថិភាពចរាចរណ៍ឬអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិយាយដូច្នេះក្នុងពិធីផ្សព្វផ្សាយសុវត្តិភាព ការធ្វើចរាចណ៍នៅតាមផ្លូវជាតិនៃសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលេីកទី១៣ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីរួមគ្នាគាំទ្រ ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោកសុក ចាន់ថាបានអោយដឹងថា : នៅក្នុងរយៈពេល០៩ខែដើមឆ្នាំ២០២២ បញ្ហាការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ បានធូស្បើយមួយកម្រិតធំ និងជាអំឡុងពេលដែលកិច្ចជាតិបានដំណើរការឡើងវិញគ្រប់វិស័យ ស្របពេលយានយន្ត មានកំណើនប្រមាណ១,១៤% ក្នុងភូមិសាស្ត្រខេត្ត និង ៣០%ទូទាំងប្រទេស ។
ក្នុងនោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តនេះ ចំនួនអ្នកស្លាប់ និងអ្នករងរបួស បានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
មូលហេតុដែលបណ្តាអោយមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេងស្តាំមិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង ពេលងងុយ ដេក មិនគោរពផ្លាកសញ្ញា គំនូសសញ្ញា ជាពិសេសច្រើនគ្រោះថ្នាក់នៅពេលយប់។
សារំលឹកដាស់តឿនដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់គោលការណ៍៣ ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ទាំងខ្លួនអ្នកផ្ទាល់ និងដល់អ្នកដទៃ ។
១-បើកបរដោយគោរពច្បាប់គ្រប់វិនាទី រាល់ពេលកំពុងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ ។
២-បើកបរដោយការទទួលខុសត្រូវ មានក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងមិនប្រមាថជីវិតអ្នកដទៃ
៣- កុំយកដងផ្លូវសាធារណៈប្រើប្រាស់សម្រាប់វាស់កម្លាំងឬសមត្ថភាពយានយន្តរបស់ខ្លួនឬប្រជែងយក ឈ្នះចាញ់គ្នាទៅវិញទៅមកនិងគួរតែប្រកាន់ខ្ជាប់ការអធ្យាស្រ័យគ្នាជាប្រចាំឬជាទម្លាប់ដើម្បីបង្ហាញជាគំ រូរល្អដល់អ្នកដទៃដោយចាប់ផ្តើមពីខ្លួនអ្នក។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពីកក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។
លោកលី សារី បានបន្តទៀតថា : ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។
ការគោរពច្បាប់ចរាចរណ៍វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នាមិនត្រូវបើកបរទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពបងប្អូន។
លោកលី សារី បានធ្វើការអំពអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវ ចេះបើកបរមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើងផងដែរ ៕ដោយ៖ឃិន គន្ធា




































