ខេត្តកំពត ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣ មានករណី ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ
ឬអំពើរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចថ្លុកតាបាន ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ក្រោយឃាតកម្មកើតឡើង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក និងកម្លាំងអធិការនគរបាលស្រុកទឹកឈូ បើកការស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ុក ច្រិល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង១៥នាទី ស្ថិតនៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងដកហូតបានម៉ូតូ ០១គ្រឿង និងទូរស័ព្ទ ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





































