(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកស្ទោង បានប្រារព្ធពិធីកាន់បិណ្ឌរាប់បាត្របិណ្ឌទីប្រាំបួន នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកពង់ធំ ដឹកនាំដោយលោក សាយ គឹមឡម អភិបាលស្រុក និងលោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងមានការអញ្ជើញចូលរួមរបស់ លោក លោកស្រី អភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុក និងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំប្រឡាយ។
ក្នុងឱកាសនេះដែរលោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានឲ្យដឹងថាពិធីកាន់បិណ្ឌរាប់បាត្រវេនទីប្រាំបួននៅពេលនេះ គឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាការធ្វើបុណ្យសន្សំកុសលជូនដល់បុព្វការីជន និងញាតការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ និងជូនដល់បុព្វបុរសដែលបានពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយនេះផងដែរលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សា និងសហការីបានជូនបច្ច័យមួយចំនួនដល់លោកតា លោកយាយ ឧបាសក ឧបាសិកា ចំណុះជើងវត្តដែរអញ្ចើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌនេះចំនួន៧០នាក់។
គួរបញ្ជាក់ផងដែរថា សម្ភារនិងទេយ្យទានដែលប្រគេនព្រះសង្ឃនៅពិធីនេះមានមួយចំនួនដូចជាអង្ករ២០០គីឡូក្រាម មី០៥កេស ទឹកសុទ្ធ០៥កេស ទឹកក្រូច០៥កេស ទឹកត្រី០៤យួរ ទឹកស៊ីអ៊ីវ០៤យួរ និងបច្ច័យមួយចំនួន។