ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជូនកងទ័ពនៅខេត្តកំពង់ធំ

0

(កំពង់ធំ)÷
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសារសំឡេងពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

ជាកិច្ចចាប់ផ្ដើមនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចាក់ផ្សាយសារសម្លេងពិសេសទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនសមាជិកអង្គពិធី ដើម្បីបានស្ដាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាដ៏ថ្លៃថ្លានេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់អង្គភាព និងស្ថាប័ន ការិយាល័យចំណុះ ព្រមទាំងយោធិនទាំងអស់ ត្រូវចូលរួមអនុវត្តជាដាច់ខាត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវ ផ្ដើមចេញពីយោធិនម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ដោយមិនមានអ្នកណាម្នាក់ចូលរួមក្នុងការលេងល្បែងស៊ីសងខុសច្បាប់ ដែលនាំឲ្យខូចខាតផលប្រយោជន៍ក្រុមគ្រួសារនិងក្នុងសង្គមជាតិទាំងមូល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ.សង្កាត់ មានសុវត្ថិភាព ដោយក្នុងភូមិនីមួយៗ និងក្រុមគ្រួសារនីមួយៗ គ្មានការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ។

យោធិនគ្រប់រូប និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួមសហការអនុវត្តតាមបទបញ្ជានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យ ។