កិច្ចប្រជុំពង្រឹងវិន័យតួនាទីភារកិច្ចកងកម្លាំងអន្តរាគមន៍ក្នុងកិច្ចសហការការពារសន្តិសុខ សុវត្ថិភាពជូនប្រជា ពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

0

ខេត្តកំពង់ធំ៖ កិច្ចប្រជុំមេបញ្ជាការគ្រប់កងឯកភាព និងនាយទាហាន ដែលមានភារកិច្ចអន្តរាគមន៍ក្នុងកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២២០២។

កិច្ចប្រជុំនេះដឹកនាំដោយ  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានបញ្ជាក់ថា កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជន និងការពារសុខសន្តិភាព សុវត្ថិភាព ជូនប្រជាជនសប្បាយរីករាយ  ដូច្នេះកងទ័ពត្រូវលះបង់គ្រប់បែបយ៉ាង ដើម្បីសន្តិសុខនិងសុវត្ថិភាព ត្រូវបំពេញភារកិច្ចសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យបងប្អូន បានជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម និងតំបន់ទេសចរណ៍រមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ។ 

  ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹក ដល់យោធិនគ្រប់រូបនិងក្រុមគ្រួសារ ព្រមទាំងណែនាំដល់ប្រជាជនយើង ត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយនេះផងដែរ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោល នយោ បាយភូមិ.ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាននីមួយៗ។

ដោយ ប៊ុន រដ្ឋា​