ត្បូងឃ្មុំៈ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិត
ស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ កាថ្លែងបែបនេះក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ មុំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយបានល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានស្នើសុំយ៉ាងទទូចធ្វើយ៉ាងណាត្រូវបន្តពង្រឹងការការពារ ជាចំណុចអាទិភាព ដើម្បីភាពរស់នៅភាព សុខសាន្ត របស់ប្រជាពលរដ្ឋតាមរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ ៕





































