គ្រួសារអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ ពីប្រធានមន្ទីរជុំវិញខេត្ត

0

កំពង់ធំ÷ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តកំពង់ធំ បានជំរុញឲ្យប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូផ្សេងៗ និងសប្បុរសជនក្នុងនិងក្រៅប្រទេស បានចូលរួមផ្ដល់ជាសម្ភារៈនិងថវិកាមួយចំនួន ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលកំពុងតែរស់នៅមានជីភាពខ្វះខាត។ អាស្រ័យហេតុនេះហើយ បានជាប្រធានមន្ទីរព័ត៌មានប្រធានមន្ទីរកិច្ចការនារី ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងពន្ធដារខេត្តកំពង់ធំ បាននាំយកនូវអំណោយគ្រឿងឧបភោគ
បរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅភូមិដងក្តារ ឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានរាយការណ៍ថា អតីតយុទ្ធជនចំនួន១២គ្រួសារដែលមានដីនិងមានជម្រកស្នាក់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងមានគ្រប់លក្ខខណ្ឌក្នុងការទទួលបានដីសម្បទានសង្គមកិច្ច បានអញ្ជើញមកចាប់ឆ្នោតទទួលយកក្បាលដីក្នុងមួយគ្រួសារមួយម៉ឺនប្រាំពាន់ម៉ែត្រការ៉េ និងផ្ទះមួយខ្នងដែលមានទំហំ០៧ម៉ែត្រគុណ ០៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ កន្លងមកនេះ ប្រកបដោយភាពយុត្តិធម៌ ។

ឆ្លៀតក្នុងឱការនេះ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានមានប្រសាសន៍ថា បច្ចុប្បន្នគ្រួសារអតីតយុទ្ធជនទាំងអស់បានមករស់នៅនិងបង្កបង្កើនផលនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះបានគ្រប់ចំនួនរួចរាល់ហើយ តែបងប្អូននៅមានជួបផលលំបាកមួយចំនួនដូចជាប្រព័ន្ធអគ្គិសនី និងអណ្ដូងទឹកស្អាត មិនទាន់មានគ្រប់គ្រាន់ ហើយក្នុងរដូវវស្សានេះទីតាំងមួយចំនួនត្រូវលិចទឹកផងដែរ ។

ជាចុងក្រោយ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តែងតែគិតគូរគ្រប់ពេលវេលាដល់ការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជននៅទីនេះ ព្រមជាមួយនេះ សម្ដេចតេជោបានផ្តល់ផ្ទះសម្រាប់ជូនបងប្អូនស្នាក់នៅ និងដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត និងការផ្ដល់វ៉ាក់សាំង ជាអទិភាពដើម្បីការពារអាយុជីវិតមិនឲ្យឆ្លងមេរោគកូវីត-១៩។ សំណូមពរឲ្យបងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារត្រូវខិតខំការពារសុខភាពព្រោះរដូវវស្សាសម្បូរទៅដោយមេរោគ និងខិតខំដាំដំណាំបន្ទាប់បន្សំនៅតាមលំនៅដ្ឋាន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ បាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រិត្តបណ្ឌិត និងបានប្ដេជ្ញាចិត្តដាច់ខាតគាំទ្រសម្ដេចតេជោហ៊ុនសែន លុះអវសានជីវិត ព្រមទាំងខិតខំអភិវឌ្ឍលំនៅដ្ឋាន ឱ្យមានការរីកចម្រើនបន្ថែមទៀត ។ សូមអរគុណដល់ប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ បាននាំយកនូវអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១២គ្រួសារ បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារសូមប្រសិទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននៅក្នុងពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ  មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ អំបិល ស្ករស ប៊ិចេង ទឹកសុទ្ឋ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនទៀតផងដែរ។