លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ដឹកនាំសហការី នៃសមាគមនារី ខេត្តកំពង់ចាម កាន់បិណ្ឌវេន១១ នៅវត្តពង្រ និងវត្តល្ពៀក ក្នុងស្រុកកំពង់សៀម

0

កំពង់ចាមៈ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ថិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានដឹកនាំសហការី នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មួយចំនួន ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃ ក្នុង ឱកាស កាន់បិណ្ឌវេនទី១១ នៅវត្តកែវប្រាសាទ ហៅ(វត្តពង្រ) ក្នុងឃុំរអាង និងវត្តល្ពៀក ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នាឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងសហការីក្រោមឱវាទ បានអញ្ជើញថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញនមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះ មាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ត ទៅដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលក្រុមការងារ សមាគមនារីកម្ពុជា សាខាខេត្តកំពង់ចាម បានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃ ជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយសូមឲ្យអំណាច នៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខ ក្នុងទីឋានបរមសុខ កុំបីឃ្លៀងឃ្លាត និងអាក់ខានឡើយ ។
ដោយឡែក ក្នុងឱកាសកាន់បិណ្ឌវេនទី ១១ នេះដែរ លោកជំទាវ ញូង ចរិយា បាននាំយកអំណោយជាសារ៉ុង ជូនលោកយាយ ដូនជី ស្នាក់នៅក្នុងវត្ត ប្រមាណជាង ៥០ម្នាក់ និងផ្តល់ថវិកាជូនលោកតាអាចារ្យ ព្រមទាំង កុមារា កុមារី ក្នុងម្នាក់ៗ ថវិកា ចំនួន ១.០០០រៀល ។ ជាមួយគ្នានោះដែរ លោកជំទាវ ញូង ចរិយា ក៏បានប្រគេនបច្ច័យកសាង ដល់វត្តទាំង ២ ខាងលើ ដោយក្នុង ១វត្តៗ បច្ច័យចំនួន ២លានរៀល ផងដែរ ៕