0

​កងទ័ព​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​កាលពី​ថ្ងៃទី ១៨​កញ្ញា​ថា បណ្តា​យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នានា របស់​ពួក​បះបោរ​នៅ​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ដោយ​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ក្នុងស្រុក និង​មកពី​បរទេស​៤០​នាក់ តាម​សេចក្តីប្រកាស ពេល​វាយប្រហារ​តាម​អាកាស ទីតាំង​៥​របស់​ពួក​ភេរ​វករ និង​បណ្តា​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​ត្រូវកម្ទេច ហើយ​ពួក​ភេរ​វករ​៤០​នាក់​ស្លាប់ ក្នុងនោះ​រួមមាន​ពួក​បរទេស​ផង​នៅ​ភូមិ NAWAE KILLI និង​ភូមិ ZARAM ASAR តំបន់​វ៉ា​ហ្ស៊ី​វី​ស្ថាន​ខាងជើង ។​

​ការវាយប្រហារ​តាម​អាកាស​ទាំងនោះ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​យោធា​ធំ​មួយ​បើក​ធ្វើ​ពី​ខែមិថុនា​មក ក្រោយ​បរាជ័យ​នៃ​កិច្ចចរចា​សន្តិភាព​នៅ​តំបន់​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ជា​តំបន់​ចាត់ទុកជា​ទីតាំង​បង្អែក​ធំ​បំផុត​របស់​ពួក​បះបោរ ។ កងទ័ព​និយាយថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នោះមក ពួក​បះបោរ​ជាង​១.០០០​នាក់​បាន​ត្រូវ​សម្លាប់ ។

ប្រតិបត្តិការ​នេះ ក៏​ញ៉ាំងឱ្យ​មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​រត់​ភៀសខ្លួន​ផងដែរ ។ កងទ័ព​បន្តថា ប្រមាណ​ជា​៩០% នៃ​តំបន់​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ពួក​បះបោរ​ត្រូវបាន​រំដោះ ៕ ដោយផន សុខជាតិ​