(កំពង់ធំ) ៖ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការី មន្ត្រីរាជការ ព្រមទាំងកងកម្លាំងទាំងបី បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃចំនួន០៥វត្តគឺ ១.វត្តបុទុមមុនីរតនារាម(ហៅវត្តឈូក) ២.វត្តពោធិ៍អណ្ដែត(ហៅវត្តបឹងខ្វែក) ៣.វត្តគិរីវង្ស ៤.វត្តឧសីលវ័ន្ត(ហៅវត្តកំពង់ស្ព្បូវ) ៥.វត្តសេរីកើតបុណ្យ(ហៅវត្តសុគ្រុន) នៅស្រុកប្រាសាទសំបូរ ចូលរួមកម្មវិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ស្ថិតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានមានប្រសាសន៍ថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនឪពុកម្ដាយ ។
ឯកឧត្តមក៍បានបន្តទៀតថា នេះគឺជាការឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខនោះ។ បង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងបងប្អូនទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមក របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន។