ក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ីឱ្យដឹង កាលពីថ្ងៃទី១៨កញ្ញា ថា ប្រទេសរុស្ស៊ីត្រៀមបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ទី៣ ទៅកាន់តំបន់ភាគអាគ្នេយ៍អ៊ុយក្រែន រយៈពេលពីរបីថ្ងៃខាងមុខនេះទៀត លោក វ្ល៉ាឌីមៀរ ស្តេប៉ាណូវ អនុរដ្ឋមន្ត្រីក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ីគូសបញ្ជាក់ថា យើងត្រៀមបន្តការខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ នាចុងសប្តាហ៍នេះយើងអាចបន្តការខិតខំប្រឹងប្រែងនោះ ប្រសិនបើការសម្រេចចិត្តនានាត្រូវបានធ្វើ ។ យុទ្ធនាការប្រមូលជំនួយមនុស្សធម៌ត្រូវបានធ្វើទូទាំងប្រទេសជាមួយ ទិសដៅជួយសម្រាលការលំបាករបស់ពលរដ្ឋអ៊ុយក្រែន ឱ្យអាចរៀបចំខ្លួនពេលរដូវរងាជិតមកដល់ ។
លោក ស្តេប៉ាណូវ ក៏អំពាវនាវផងដែរដល់កាកបាទក្រហមអន្តរជាតិ CICR ឱ្យដើរតួនាទីកាន់តែសកម្មមួយក្នុងការបញ្ជូន និងចែកចាយជំនួយមនុស្សធម៌នៅអ៊ុយក្រែន ។ លោកបន្តថា CICR ត្រូវប្រកាន់ជំហរកាន់តែមុឺងម៉ាត់មួយ ដើម្បីចៀសវាងកុំឱ្យមានការរាំងស្ទះនៅតាមព្រំដែនរយៈពេល៣សប្តាហ៍ ។ក្បួនរថយន្តជំនួយមនុស្សធម៌ទី២របស់រុស្ស៊ី បានចូលទៅដល់ទីក្រុងលូហ្គានស្ក៍ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី១៣ កញ្ញា កន្លងមកនេះ ខណៈក្បួនរថយន្តទីមួយដែលដឹកជំនួយសង្គ្រោះប្រមាណជា២.០០០តោន បានទៅដល់ កាលពីថ្ងៃទី២២ សីហា ៕ដោយផន សុខជាតិ