កិច្ចប្រជុំប្រកាសបែងចែកវេនកងកម្លាំងប្រចាំបញ្ជា ប្រចាំការ នៅក្នុងអង្គភាព ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

0

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រកាសសមាសភាពវេនប្រចាំការ និងប្រចាំបញ្ជា រយៈពេលបីថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ នូ វុទ្ធា   នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្ដីពីការបែងចែកវេនប្រចាំបញ្ជា និងប្រចាំការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានភារកិច្ចប្រចាំការ ប្រចាំបញ្ជា តាមវេននីមួយៗ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវមានមុខនៅកន្លែងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងប្រចាំថ្ងៃ   បានទាន់ពេលវេលា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ដោះស្រាយនៅរាល់យថាហេតុ ដែលកើតមានឡើង ពិសេសជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំង ដែលមិនត្រូវវេនប្រចាំការ ប្រចាំបញ្ជា ត្រូវនាំក្រុមគ្រួសារទៅចូលរួមក្នុងពិធីភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានា ប្រកបដោយសុខសុវត្ថិភាព និងត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការបីការពារនិងបីកុំ របស់សម្ដេចតេជោ ហ៊ុន សែន។ដោយ វង្ស សុខស៊ុនហាក់