ប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅឃុំឈូក បានទទួលអំណោយមនុស្សធម៌ ពីសមាគមប្រជាជនសន្តិភាពនៃកម្ពុជា

0

      (កំពង់ធំ)÷ ដោយមានការយក​ចិត្ត​ព្រួយបារម្ភ ពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រុមការងារចុះមូលដ្ឋានឃុំឈូក នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ២០២២ ព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា។ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលស្រុក និងក្រុមការងារចុះជួយឃុំឈូក ព្រមទាំងសប្បុរសជន បានចុះសួរសុខទុក្ខ ចែកអំណោយជូនដល់គ្រួសារមានជីវភាពលំបាកចំនួន៥០គ្រួសារ ដែលអញ្ជើញមកពីភូមិតាអោក ភូមិវាលវែង ភូមិប្រាសាទ ភូមិត្រពាំងសាលា និងភូមិស្អៀ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

       នៅក្នុងឱកាសនោះផងដែរលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនទុក្ខឱ្យប្រជាជនណាមួយអត់ស្បៀងនោះឡើយ។ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី។ ក្នុងការលើកទឹកចិត្តឱ្យបងប្អូនបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ  ត្រូវដាំដំណាំ ចិញ្ចឹមសត្វ ក្នុង​គោលបំណង​កាត់​បន្ថយ​នៃការ​ចំណាយថវិកាពី​ការទិញមកពីខាង​ក្រៅ។ សូមឱ្យអាណាព្យាបាលជួយជំរុញកូនចៅមកសិក្សារៀនសូត្រឱ្យបានទៀងពេលវេលា និងជួយការពារសុវត្ថិភាពក្មេងតូចៗដែលរស់នៅតាមដងស្ទឹងសែន កុំឱ្យពួកគាត់លេងទឹក និងមិនមានគ្រោះថ្នាក់ដល់ជីវិត។

         ព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា បានមានសង្ឃដីកា ចំពោះអំណោយមនុស្សធម៌ដែលខ្ញុំព្រះករុណា និងញាតិញោមពុទ្ធបរិស័ទទាំងអស់ យកមកប្រគេនជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនេះ គឺបានមកពីការអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ជួយគាំទ្រនិងឧបត្ថម្ភជាសម្ភារៈក្តី ជាថវិកាក្តី ដើម្បីជូនដល់គ្រួសារណាដែលគាត់លំបាកជាទីបំផុត។ សូមពុកម៉ែបងប្អូនចូលរួមថែរក្សាសុខភាព និងអនាម័យបីប្រការរួមមាន(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីចៀសឲ្យផុតពីជំងឺអសន្នរោគព្រោះពេលនេះ ជារដូវទឹកឡើងនេះគឺសម្បូរទៅដោយមេរោគ និងបង្កឲ្យមនុស្សមានគ្រោះថ្នាក់ផងដែរ។

       បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកអភិបាលស្រុក និងក្រុមការងារចុះចូលឃុំឈូក ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

           គួរបញ្ជាក់ផងដែរថាអំណោយដែលចែកជូនមាន៥០គ្រួសារដោយ១គ្រួសារទទួលបាននូវ​÷ អង្ករ ២៥គីឡូក្រាម មី០១កេស  ទឹកស៊ីអ៉ីវ០១យួរ ទឹកត្រី០១យួរ និងថវិកាមួយចំនួន ៕