អភិបាលស្រុកតាំងគោក ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ចុះមើលស្រូវប្រជាកសិករ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានបញ្ហាប្រឈម ដោយមានការខូចខាតស្រូវចំនួន៣០ហិតា រងគ្រោះដោយទឹកជំនន់

0

     (កំពង់ធំ)÷ ក្រោយពីការធ្លាក់ភ្លៀងជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះបង្កឲ្យមានការជន់លិចនូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះផងដែរដោយមានការព្រួយបារម្ភពីការខូចខាតផលដំណាំរបស់ប្រជាកសិករ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក  និងសហការីចុះមើលផលដំណាំស្រូវរបស់ប្រជាកសិករ នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បង្កអោយលិចប្រឈមនិងការខូចខាតជាច្រើនកន្លែង។        នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ មិនត្រូវបណ្តែតបណ្តោយឲ្យស្រូវរបស់ប្រជាកសិករខូចខាតដោយពុំមានការជួយសង្គ្រោះ ឬអន្តរាគមន៍ឡើយ ត្រូវចុះមើលជាក់ស្តែង ធ្វើការរាយការណ៍មកថ្នាក់ស្រុកជួយករណីមិនអាចមានសមត្ថភាពក្នុងការសង្គ្រោះ។ លោកក៏បន្ថែមទៀតថាអាជ្ញាធរត្រូវចេះតាមដានពីប្រកាសព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីដឹងពីការធ្លាក់ភ្លៀង ឬទឹកជំនន់ ហើយធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ជៀសវាងពួកគាត់ធ្វើហើយខាតបង់ ទាំងពូជស្រូវ ជី ជាដើម។         សូមបញ្ជាក់ផងដែរថាស្រូវដែលប្រឈមនិងការខូចខាតមានចំនួន៣០ហត្ថាហើយពួកគាត់ និងអាជ្ញាធរកំពុងធ្វើការអន្តរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា៕