(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកចុះពិនិត្យស្ថានភាពទឹកជន់លិចផ្លូវលេខ៦ ជន់ដោយទឹកភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក មានការរងការខូចខាចដំណាំស្រូវ និងលេចលំនៅដ្ឋានរបស់បងប្អូនដែលកំពុងរស់នៅ។ ឯកឧត្តមថ្លែងដូច្នេះនៅរសៀលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មូលហេតុដោយសារមានការបើកអាងទឹកនៅតំបន់ដែលសម្បូរទឹកធ្វើឱ្យមានការលិចផ្លូវជាតិលេខ៦យើងនេះ។ កងកម្លាំងទាំងបីក៏បានសហការគ្នា ដើម្បីជួយច្រកដីដាក់ក្នុងបេ យកមកទប់នៅតាមចិញ្ចឹមថ្នល់កុំឲ្យវាហូរដាច់ជាបន្តទៀត។ ឯកឧត្តមក៏បានបន្តទៀតថា ផលដែលប៉ះពាល់ធំៗជាងគេគឺទៅលើដំណាំស្រូវ ជាច្រើនហិចតាក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ប៉ុន្តែមិនទាន់បានជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរស់នៅលើទីទួលសុវត្ថិភាពនោះទេ។ ដោយសារទឹកជន់លិចផ្លូវនេះហើយ មានការរំខានដល់ការការរស់នៅប្រចាំថ្ងៃ និងការធ្វើដំណើររបស់បងប្អូន ខាតពេលវេលាក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ឯកឧត្តមក៏បានលើកឡើងពីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ប្រសិនបើមានកូនតូចៗ ពេលមកលេងទឹកត្រូវតាមដាន និងការពារកូនឲ្យបានគ្រប់ពេលវេលា ដើម្បីកុំឲ្យមានការបាត់បង់ដល់អាយុជីវិតរបស់ក្មេងតូចៗ ដោយសារលង់ទឹក។ ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមមេត្តាបន្ថយល្បឿន និងកុំដឹកទំនិញដែលធ្ងន់ៗធ្វើឲ្យខូចដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុងតែជន់លិច ដោយទឹកភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះស្ថានភាពទឹកនៅក្នុងស្រុកស្ទោងទាំងមូល ក៏ដូចជានៅអាងទឹក៣០កញ្ញាមានការស្រកចុះប្រហែល០.១៥ម៉ែត្រ។