ដើមឈើធ្នង់ប្រភេទឈើមានតម្លៃមួយដើមធំ ត្រូវគេលួចកាប់នៅក្បែរតំបន់អង្គរ នៃខេត្តសៀមរាប

0

ខេត្តសៀមរាប៖ ដើមឈើធ្នង់មួយដើមធំ ដែលមានអាយុកាលរាប់សិបឆ្នាំ និងជាប្រភេទឈើប្រណិតដ៏មានតម្លៃ ត្រូវបានជនខិលខូចលួចកាប់ផ្តួល នៅជិតតំបន់អង្គរ អាចក្នុងបំណងអារ ពុះជ្រៀក និងដឹកជញ្ជូនយកទៅធ្វើជំនួញ ឲ្យក្រុមឈ្មួញទុច្ចរិត។

ក្រោយការប្រទះឃើញ កាប់ផ្តួលដើមឈើធ្នង់ ១ដើមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នោះមក កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី បានសហការជាមួយ មន្ត្រីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរឃុំខ្នារសណ្តាយ បានចុះពិនិត្យលើករណីនេះ និងបានសម្តែងការសោកស្តាយ ក្រោយការបាត់បង់ដើមឈើធ្នង់ដ៏ធំមួយដើមនេះ ។

មន្ត្រីព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ឈើធ្នង់ដ៏ធំមួយដើមនេះ មានអាយុកាលច្រើនឆ្នាំមកហើយ និងជាប្រភេទឈើប្រណិតមានតម្លៃខ្ពស់ ត្រូវបានជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ លួចកាប់ផ្តួលនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ហើយឈើ១ដើមនេះមានមុខកាត់១,២០ ម៉ែត្រ និងមានប្រវែង ៦ម៉ែត្រ ស្ថិតនៅក្នុង ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ខណៈនេះឈើធ្នង់មានតម្លៃ ១ដើមនេះ ត្រូវបានអាជ្ញាធរសម្រេចរក្សាទុក នៅទីតាំងកាប់ផ្តួលជាបណ្តោះអាសន្ន ដោយរង់ចាំទឹកស្រក ទើបក្រុមការងារធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅស្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ S/B