កំពង់ធំ៖ ដោយបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនិយណឹម សុវត្ថ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបង្ហាញ រៀបរាប់ពីដំណាក់កាលការងារនៃប្រវត្តិសាស្ត្រយោធានៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្នុងអង្គសិក្ខាសាលាការងារប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោធាខេត្តកំពង់ធំ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី៩ខែមករាឆ្នាំ១៩៧៩ ចេញពីកងវរសេនាតូចលេខ១៩ ដែលជាកងកម្លាំងរណ:សិរ្សសាមគ្គីសង្គ្រោះជាតិ ដោយសហការជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ដោយឡែកនៅខេត្តកំពង់ធំ ត្រូវបានវាយរំដោះនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៩ ។ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ថ្នាក់ដឹកនាំយោធាខេត្តកំពង់ធំ ទាំងប្រធានយោធានិងប្រធាននយោបាយ ចំនួន១០នាក់រួចមកហើយ ត្រូវបានផ្លាស់ប្ដូរភារកិច្ចជាបន្តបន្ទាប់ នឹងមួយចំនួនបានទទួលមរណភាព ។ ហើយថ្នាក់ដឹកនាំទាំងនេះសុទ្ធតែធ្លាប់បានឆ្លងកាត់ក្នុងការដឹកនាំបញ្ជាប្រយុទ្ធការពារភូមិសាស្ត្រខេត្តកំពង់ធំ មិនឱ្យរបបប្រល័យពូជសាសន៍ប៉ុលពត អៀង សារី ខៀវសំផន វិលត្រឡប់មកវិញបាន។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសង្កត់ធ្ងន់ថា ខេត្តកំពង់ធំ គឺជាខេត្តមួយស្ថិតនៅចំកណ្តាលនៃផ្ទៃប្រទេស ហើយជាខេត្តដែលជាសមរភូមិប្រយុទ្ធប្ដូរផ្ដាច់ ជាមួយកម្លាំងត្រីភាគី និងបានចូលរួមក្នុងយុទ្ធនាការជាច្រើនលើក ក្នុងការវាយពង្រីកយកទីតាំងនិងការពារភូមិសាស្ត្រសម្រាប់ឈរជើងផងដែរ ។ នៅក្នុងឆ្នាំ១៩៩៨ ដើម្បីចូលរួមអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ខេត្តកំពង់ធំ បានចាត់បញ្ជូនកងកម្លាំងចំនួន៣វគ្គក្នុងមួយវគ្គៗ មានកម្លាំងពី២៥០ ទៅ៣០០នាក់ រយៈពេល៣ខែ ក្នុងមួយវគ្គទៅចូលរួមសហការជាមួយកងកម្លាំងអង្គភាពដទៃទៀតនៅសមរភូមិជាប់ព្រំដែនកម្ពុជាថៃ ទិសអន្លង់វែង។ បច្ចុប្បន្នសមិទ្ធផលនានា នៃការងារប្រវត្តិសាស្ត្រយោធាជាច្រើននៅខេត្តកំពង់ធំ ដែលជាស្នាដៃក្នុងការចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោបានបន្សល់ទុកនៅសុខសន្តិភាព ការឯកភាពជាតិពេញលេញនិងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទេសឯកនៃនយោបាយឈ្នះឈ្នះ ។