កំពង់ឆ្នាំង៖វត្តធម្មវ័នអាចចាត់ទុកជារមនីយដ្ឋានវប្បធម៌ធម្មជាតិដ៏ស្រស់ត្រកាលមួយសំរាប់ភ្ញៀវមកលេងកំសាន្ត និង ជាវត្តរីកចំរើនជាងគេនៅក្នុងខេត្តកំពង់ឆ្នាំងដែលពុទ្ធបរិស័ទគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានចូលរួម កសាង សមិទ្ធិផលនានានៅក្នុងវត្ត ព្រោះតែព្រះគ្រូចៅអធិការវត្តនិងព្រះសង្ឃកាន់ព្រះវិន័យបានយ៉ាងតឹងរឹងតាម គន្លង បញ្ញត្តិព្រះពុទ្ធសាសនា វត្តនេះស្ថិតនៅចង្កេះភ្នំក្រាំងដីមាស ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង មានចម្ងាយពីទីក្រុងកំពង់ឆ្នាំងប្រមាណ៣គីឡូម៉ែត្រតែប៉ុណ្ណោះ។
វត្តធម្មវ័នត្រូវបានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅក្រៅខេត្តចាត់ទុកថាជារមណីយដ្ឋាន វប្បធម៌ ធម្មជាតិមួយជាទីមនោរម្យ ព្រោះថាទីតាំងវត្តធម្មវ័នស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាស មានខ្យល់ដ៍បរិសុទ្ធ មានដើម ឈើខ្ពស់ៗមានម្លប់ត្រឈឹងត្រឈៃមានកន្លែងអង្គុយលេង និង ដែលអាចអោយអ្នកទេសចរណ៍ទៅកំសាន្ត លេង យ៉ាងសប្បាយរីករាយ។ទន្ទឹមនោះដែរគេអាចឈរមើលឃើញទេសភាពវាលស្រែ ដើមត្នោត ទឹកទន្លេ និងដងភ្នំនា ងកង្រីគួរជាទីគយគន់ទៀតផង ដែលអាចធ្វើអោយអារម្មណ៍អ្នកទៅលេងកំសាន្តទីនោះបានស្រស់ស្រាយចិត្ត និង បំបាត់បាននូវទុកកង្វល់ទាំងឡាយបានឆាប់រហ័សទៀតផង។ 

ព្រះភិក្ខុខន្តិសារោ យឹម ទូច ព្រះជន្ម៤២វស្សាជាព្រះគ្រូចៅអធិការវត្តធម្មវ័ន និងជាធម្មធរគណខេត្តកំពង់ ឆ្នាំងបានមានសង្ឃដីការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះថា៖វត្តធម្មវ័នត្រូវបានក្រសួងធម្មការប្រកាសទទួល ស្គាល់ នៅឆ្នាំ២០០៤ដែលនៅមុនឆ្នាំ២០០៤គ្រាន់តែជាអាស្រមតូចមួយប៉ុណ្ណោះ។ចំណែកព្រះអង្គបានមកគង់ជាព្រះចៅ អធិការក្នុងវត្តនេះ ចាប់ពីឆ្នាំ២០០៣មកដល់សព្វថ្ងៃមានរយៈពេលជាង១១ឆ្នាំហើយ ព្រះអង្គបានបួសជាសង្ឃតាំង ព្រះជន្ម១៧ព្រះវស្សាមក។ចំណែកព្រះសង្ឃគង់នៅក្នុងវត្តនេះមានចំនួនជាង៧០អង្គ បានចេញទៅរៀនជាង៥០ អង្គគង់នៅក្នុងវត្តបច្ចុប្បន្ន២៤អង្គ។ សមិទ្ធិផលដែលពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីខេត្តផ្សេងៗបានចូលរួមកសាងមាន ព្រះវិហារមួយដែលកសាងអស់ទឹកប្រាក់ជាង៦ម៉ឺនដុល្លា បច្ចុប្បន្នកសាងបានជាង៨០%ហើយ។កសាងចេតី៥កន្លែង កសាងកុដិចំនួន៣១កុដិ តំលៃកសាងក្នុងកុដិនីមួយៗ
អស់ប្រាក់ពី១២០០០ទៅ១៥០០០ដុល្លា សរុបទឹកប្រាក់ប្រមាណជាង៤៥ម៉ឺនដុល្លា,កសាងសាលាឆាន់ ៣កន្លែង សាលាឆាន់ធំជាងគេដែលកំពុងកសាងឈ្មោះតាវតឹងសភាចំណាយថវិកាអស់២២ម៉ឺនដុល្លាហើយគឺទើបតែកសាងបាន៦០%ប៉ុណ្ណោះ ដោយឡែកគំរោងត្រូវកសាងសាលាឆាន់នេះបង្ហើយដែលមានដំបូលនិងដាក់កញ្ចក់ ត្រូវចំណាយទឹកប្រាក់ប្រមាណ២៩ដុល្លាទៀត។ចំណែកប្រាសាទតម្កល់ព្រះពុទ្ធរូប២៨អង្គជាកន្លែងដាំដើមពោធិព្រឹក្សយកមកពីប្រទេសឥណ្ឌាដែលបានកសាងរួចហើយ ចំណាយទឹកប្រាក់អស់ជាង៨ម៉ឺនដុល្លា។ ទន្ទឹមនេះដែរបច្ចុប្បន្នកំពុងសាងសង់សាលាពុទ្ធិកសិក្សាមួយកន្លែងដែលមានកំពស់៣ជាន់កសាងបាន២០%ហើយអស់ទឹកប្រាក់ជាង៨ម៉ឺនដុល្លា និងមហាកុដិមួយកន្លែងទៀតកំពុងសាងសង់សំរាប់សង្ឃជាន់ខ្ពស់គង់នៅរៀនសូត្រដែលត្រូវចំណាយប្រាក់ចំនួនជាង៣ម៉ឺនដុល្លា ដោយឡែកផ្លូវបេតុងប្រវែងជាង៤០០ម៉ែត្រក្នុងវត្តក៍កំពុងកសាងដែរដែលត្រូវចំណាយទឹកប្រាក់ប្រមាណជាង៥ម៉ឺនដុល្លាទៀត។ព្រះចៅអធិការ យឹម ទូច បានមានសង្ឃដីការអោយដឹងទៀតថា៖ការកសាងសមិទ្ធិផលទាំងអស់ខាងលើនេះគឺជាការចូលរួមប្រគេនបច្ច័យរបស់ពុទ្ធបរិស័ទទាំងអស់ក្នុងពិធីបុណ្យផ្សេងៗ បច្ច័យមួយចំនួនទៀតគឺព្រះអង្គដែលបានមកពីការសំដែងធម៌ទេសនា បានយក មកបញ្ចូលក្នុងការកសាងនេះទាំងអស់ ក្នុងពេលកាន់បិណ្ឌ៩ថ្ងៃមកនេះចំណូលក្នុងវត្តបានជាង១០លានរៀល។
ពុទ្ធបរិស័ទជិតឆ្ងាយដែលអញ្ជើញមកកាន់បិណ្ឌទី៩នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖មូលហេតុដែលនាំអោយពុទ្ធបរិស័ទចូលរួមសមិទ្ធិផលទាំងអស់ខាងលើនេះ គឺមកពីពួកគាត់មានជំនឿទុកចិត្តលើគណកម្មាធិការវត្តដែលមានការស្មោះត្រង់ ជាពិសេសលើព្រះចៅអធិការ យឹម ទូច ដែលព្រះអង្គជាអ្នកគ្រប់គ្រង និងដឹកនាំព្រះសង្ឃក្នុងវត្ត កាន់ព្រះវិន័យតឹងរឹងនិងត្រឹមត្រូវតាមគម្ពីព្រះបីតកនៃព្រះពុទ្ធសាសនា ទើបពុទ្ធបរិស័ទទាំងអស់មានជំនឿជឿជាក់គោរពប្រតិបត្តិ និងចូលរួមកសាងគ្រប់គ្នា។
ព្រះគ្រូ យឹម ទូច ចៅអធិការវត្តធម្មវ័ន បានមានសង្ឃដីកាបញ្ជាក់យ៉ាងច្បាស់ថា៖ព្រះអង្គ និងគណៈកម្មការ វត្តសង្ឃឹមថា និងអាចកសាងសមិទ្ធិផល ដែលកំពុងកសាងខាងបានសំរេចដោយជោកជ័យ ព្រោះថា ការកាន់ព្រះ ធម៌វិន័យដ៏តឹងរឹងនិងត្រឹមត្រូវតាមព្រះពុទ្ធឱវាទ គឺជាមូលដ្ឋានដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ ជាតិ និងក៏ជាមូលដ្ឋានមួយដ៏ល្អនៃជំនឿរបស់ពុទ្ធបរិស័ទ ទន្ទឹមនោះដែរក៏មានគណៈកម្មការវត្តដ៏ស្មោះត្រង់ផងដែ រទើបពុទ្ធបរិស័ទមានជំនឿចូលរួមកសាងសមិទិ្ធផលទាំងអស់ខាងលើនេះបានដោយជោកជ័យ៕ ដោយផន សុខជាតិ


































