ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក យុង គឹមហ៊ាន នៅរសៀលថ្ងៃទី២៩កញ្ញានេះ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ៣០គ្រួសារ នៅក្នុងភូមិចំនួន២ គឺ ភូមិគោកបេង និងភូមិថ្មី ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នៅក្នុងដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងទាំង ៣០គ្រួសារនោះ ក៏មានការចូលរួមពី អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ លោក នូ តារាមុនី្ន រួមទាំងក្រុមការងារនៅថ្នាក់មូលដ្ឋានផងនោះដែរ ។ អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង ៣០គ្រួសារនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងទឹកស៊ីអីវ ១យួរ ។

នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក យុង គឹមហ៊ាន​ បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពោល គឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច ។

លោក យុង គឹមហ៊ាន បានថ្លែងទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំង ៣០គ្រួសារ ដែលត្រូវទទួលបានអំណោយមនុស្សធម៌នៅថ្ងៃនេះ គឺ ៩គ្រួសារ រស់នៅភូមិគោកបេង និង ២១គ្រួសារទៀត រស់នៅភូមិថ្មី ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។

លោក យុង គឹមហ៊ាន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការហូបទឹកស្អាត រស់នៅស្អាត គេងត្រូវដាក់មុងឲ្យបានជាប់ជាប្រចាំ ពិសេសត្រូវមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ត្រូវការពារកូនតូចៗកុំឲ្យចុះលេងទឹក ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ នៅក្នុងរដូវទឹកជំនន់នេះ ៕ ដោយ៖ឡុង សំបូរ