ខេត្តព្រះវិហារ៖ ឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំនិងសន្លឹងនោះទេ ដែលក្រុមការងារ នៃមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ធ្វើការបង្ក្រាបបាននៅពេលយប់ និងនៅពេលថ្ងៃ ដែលឈ្មួញបានកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃឧទ្យាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទោះបីជានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាន នៅតែដើរល្បាតព្រៃឧទ្យានជានិច្ច ហើយបានប្រទះឃើញ អ្នករកស៊ីកាប់ឈើនៅពេលយប់ និងធ្វើសកម្មភាពដឹកជញ្ជូននៅពេលថ្ងៃ ដោយធ្វើឡើងតាមគ្រប់រូបភាព ប៉ុន្តែ កម្លាំងឧទ្យាន បានបន្តស្ទាក់ចាប់បាន ។
ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងការចុះល្បាតនោះ បានចាប់បានគោយន្តកន្ត្រៃដឹកឈើ ១គ្រឿង និងរ៉ឺម៉កដឹកឈើ ១គ្រឿង ហើយឈើនៅក្នុងនោះ មានទាំងឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំ/សន្លឹកនោះទេ ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី២៧កញ្ញា កន្លងទៅនេះ បានទទួលស្វាគមន៍ លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ឡង់ សុបិន អភិបាលថ្មី នៃគណៈអភិបាលស្រុកឆែប ដើម្បីបន្តរៀបចំដំណើរការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាពេលខាងមុខនេះ៕ ដោយ៖ឡុង សំបូរ