គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសឲ្យប្រជាពលរដ្ឋក្នុងខេត្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ខណៈដែលជំនន់ទឹកភ្លៀង បានហក់ឡើងខ្ពស់នៅក្នុងទន្លេទាំង៣ គួរឲ្យកត់សម្គាល់

0

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០កញ្ញានេះ បានប្រកាសជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ-សង្កាត់ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្រខេត្ត ឲ្យបានដឹង អំពីស្ថានភាពការហក់ឡើងយ៉ាងលឿន នៃកម្ពស់ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ក្នុងរយៈពេល២ថ្ងៃនេះ ដែលអាចឈានដល់ការបង្កឲ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ដល់មូលដ្ឋានមួយចំនួន នៅក្នុងឃុំ-សង្កាត់ ក្រុង និងស្រុក នៃខេត្តស្ទឹងត្រែង ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានឲ្យដឹងដដែលថា ដើម្បីធានាការត្រៀមលក្ខណៈ ការត្រៀមឆ្លើយតបអន្តរាគមន៍បានមុន និងបញ្ជៀសបានពីគ្រោះមហន្តរាយធ្ងន់ធ្ងរពីគ្រោះទឹកជំនន់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ផ្នែកមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ មេត្តាត្រៀមឲ្យបានរួចរាល់ នូវមធ្យោបាយ ធនធាន ទីតាំងមានសុវត្ថិភាព និងផែនការជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការដោះស្រាយអន្តរាគមន៍ សង្គ្រោះបន្ទាន់ជូនគ្រួសារប្រជាជនដែលរងផលប៉ះពាល់ ។

ទន្ទឹមនេះ ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រកបមុខរបរតាមដងទន្លេ និងទីតាំងមូលដ្ឋានងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានជាប់ អំពីស្ថានភាពទឹកជំនន់ ក្តាប់ជាប់ការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន មានកិច្ចសហការល្អ និងផ្តល់ព័ត៌មាន ទំនាក់ទំនងបន្ទាន់ទៅអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ និងក្រុមការងារ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងការពារសុវត្ថិភាព អាយុជីវិតប្រជាជន ការខូចខាតបាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈ ឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា ។

យោងតាមរបាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃ៣០កញ្ញានេះថា ទឹកទន្លេទាំង៣ ក្នុងខេត្តមានការហក់ឡើងលឿន ក្នុងរយៈពេល ២ថ្ងៃមកនេះ ក្នុងនោះ ទន្លេមេគង្គ ទឹកមានកម្ពស់ ៩.៨២ម៉ែត្រ ខណៈថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ៨.៥៥ម៉ែត្រ ថ្ងៃនេះហក់ឡើង ១.២៧ម៉ែត្រ និងកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១០.៧០ម៉ែត្រ ។ ទន្លេសេកុង ទឹកមានកម្ពស់ ១១.០៨ម៉ែត្រ ថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១០.០០ម៉ែត្រ ថ្ងៃនេះហក់ឡើង ១.០៨ម៉ែត្រ និងកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១១.៥០ម៉ែត្រ ។ ទន្លេសេសាន ទឹកមានកម្ពស់ ៩.០២ម៉ែត្រ ថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ៧.៥៥ម៉ែត្រ ថ្ងៃនេះទឹកហក់ឡើង ១.៤៧ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១០.៥០ម៉ែត្រ ៕ ដោយ៖ឡុង សំបូរ