កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ពាក់ព័ន្ធនឹងវិស័យសិល្បៈ បេីយេីងចូលរួមស្ថាបនាកសាងឲ្យមានការរីកចម្រើនដល់សង្គមជាតិ គឺពិតជាមានសារៈប្រយោជន៍សំខាន់ណាស់ តែបេីយេីងប្រេីខុសនឹងធ្វើឲ្យខ្លួនឯងខាតបង់មិនខានឡើយ
ការថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមសិល្បៈល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមសិល្បៈមហាជនចូលរួមប្រឡងមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្រុមសិល្បៈទាំងអស់ ត្រូវរួមគ្នាចែករំលែកធ្វើយ៉ាងណាឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានការទាក់ទាញពីសំណាក់សំណាក់មហាជន ជាពិសេសត្រូវចូលរួមថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ និងជួយផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ ឲ្យពិភពលោកកាន់តែជ្រាបច្បាស់អំពីគុណតម្លៃសិល្បៈខ្មែរ ក៏ដូចជាកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នាផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរដល់ក្រុមសិល្បៈអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់ ព្រមទាំងផ្ដល់ការឧបត្ថម្ភដល់ក្រុមសិល្បៈទាំង២០រូប ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន២០ម៉ឺនរៀល និងថវិកាធ្វើដំណើរមួយចំនួនផងដែរ ។
លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាម មានក្រុមសិល្បៈមហាជនល្ខោនបាសាក់សរុប ចំនួន១១ក្រុម ប៉ុន្ដែការចូលរួមប្រឡងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២នេះ គឺមានចំនួន២០រូប ដឹកនាំដោយលោក ស៊ាន សុផល ហៅនាយប៉េងប៉ោះ ចំពោះជយលាភីលេខ ១ នឹងទទួលបានពានមាស ១ អមដោយទឹកប្រាក់ ជយលាភីលេខ ២ នឹងទទួលបានពានប្រាក់ ១ អមដោយទឹកប្រាក់ និងជយលាភីលេខ ៣ នឹងទទួលបានពានសំរិទ្ធ ១ អមដោយទឹកប្រាក់ ផងដែរ ៕





































