ផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង និងផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិចតា បានរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ កាលពីថ្ងៃទី២តុលាម្សិលមិញ ឲ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ទឹកជំនន់បានធ្វើឲ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិចតា លិចផ្លូវប្រវែង ១០ពាន់ ៤២៦ម៉ែត្រ និងស្ពាន ២កន្លែង បានរងការជន់លិច ។

លោកអភិបាលខេត្ត បានបន្តថា ការជន់លិចលំនៅដ្ឋាន ផ្ទៃដីស្រូវស្រែ និងហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេល ដែលកម្ពុជា បាននិងកំពុងរងនូវសំពាធទាប (ITCZ) បានធ្វើឲ្យកម្ពុជាទទួលរងខ្យល់មូសុង ល្បឿនពីខ្សោយទៅបង្គួរ ដែលស្ថានភាពទាំងនេះ បានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៦ ក្រុង-ស្រុក ក្នុងចំណោមក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ ។ លោកថា ក្រុង-ស្រុកទាំង ៦ ដែលរងការលិចលង់នោះ គឺក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកឆែប និងស្រុកគូលែន ។

យោងតាមរបាយការណ៍របស់ ក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយ ខេត្តព្រះវិហារ បានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យស្រូវស្រែ និងស្រូវចំការ នៅទូទាំងខេត្ត ១ពាន់ ៩៦៣ ហិចតា ស្មើនឹង១ពាន់ ៣២០ គ្រួសារ រងផលប៉ះពាល់ លិចដីចំការ ២៦៦ ហិចតា ស្មើនឹង ១៦៨ គ្រួសារ ផ្ទះសម្បែងប្រជាពលរដ្ឋ ១៤០ ខ្នងផ្ទះ ស្មើនឹង ១៤០ គ្រួសារ បានរងការជន់លិច និងអាជ្ញាធរមានសមត្ថិច្ច បានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពចំនួន ៦៩ គ្រួសារ ។ ក្រៅពីនោះ ក៏មានការលិចលង់ខូចខាតនៅផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាក្រុង-ស្រុកទាំង ៦នោះ ផងដែរ។

នៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ រដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក គីម រិទ្ធី តែងតែដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ចុះជួយជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង ព្រមទាំងបាននាំយក នូវសម្ភារៈ គ្រឿងឧបរិភោគ បរិភោគ ស្បៀងអាហារ និងថ្នាំពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង-ស្រុក ដែលរងការលិចលង់នោះ ផងដែរ ។

ស្របពេលជាមួយគ្នានោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដាក់ចេញនូវគោលការណ៍ដឹកនាំដល់ មេបញ្ជាការកងកម្លាំងទាំងបី ក្នុងការត្រៀមកម្លាំងចុះជួយសង្គ្រោះ ក្នុងករណីចាំបាច់ ជូនដល់ជាពលរដ្ឋគ្រប់ពេលវេលា ៕ ដោយ៖ឡុង សំបូរ