លោកជំទាវ បាន ស្រីមុំ  អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងចរន្តអគ្គិសនី ពិសេសកូនក្មេងតូចៗ ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង

0

(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងការអញ្ជើញ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ បន្ទាប់ពីភ្លៀងបានធ្លាក់មួយមេធំ បណ្តា​លអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកជំទាវអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានផ្ដាំផ្ញើឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈមសូមប្រញាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់ឡើយ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះកូនចៅ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដែលបណ្ដាលមកពីការធ្វេសប្រហែស។ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានសម្តែងនូវការសោកស្តាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ខេត្តប៉ៃលិន មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យមានការជន់លិច នូវភូមិឋានប្រជាពលរដ្ឋមួយចំនួន នៅទំនាប នៃស្រុកសាលាក្រៅ ក្នុងក៍បានកាត់ផ្តាច់នូវផ្លូវសម្រាប់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕

អត្ថបទ ប៉ៃលិន ភ្នំខៀវ