សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៣៣គ្រួសារ​

0

បន្ទាយមានជ័យ៖ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នាល្ងាចថ្ងៃ​ទី៥​ ខែតុលា​ ឆ្នាំ​២០២២​នេះ​បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៣៣គ្រួសារ​ នៅក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។

ក្នុងនាមប្រធានក្រុមការងារ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ សូមពាំនាំផ្តាំផ្ញើនូវការសួរសុខទុក្ខ និងចែករម្លែកនូវទុក្ខលំបាក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ តែងតែនៅផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស:​ គ្រប់ពេលវេលា និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវប្រុងជេីងការ ដើម្បីត្រៀមជួយប្រជាពលរដ្ឋករណីមានអាសន្នបន្ទាន់កើតឡើង ហើយក៏មិនត្រូវធ្វេសប្រហេសការពារជំងឺឆ្លងផ្សេងៗឡើយ ដូចជា ជំងឺកូវីដ-១៩ និងគ្រុនឈាមជាដើម ហើយត្រូវថែទាំសុខភាព និងរក្សាអនាម័យជានិច្ចផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ បានថ្លែងបន្ថែមដោយបានណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវថែរក្សាទឹកទុកប្រើប្រាស់ស្ដារវិស័យកសិកម្ម ស្រូវប្រាំង ចិញ្ចឹមសត្វ​ និងដាំបន្លែ​ ឧស្សាហកម្ម និងទេសចរណ៍ បង្កេីតការងារបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋ​និងបន្តយកចិត្តទុកដាក់ចំពោះព្រះសង្ឃតាមវត្តអារាមដែលគង់ចាំព្រះវស្សានៅតាមវត្តអារាមនានា។

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ​ចែកជូនដេីម្បីសម្រាលនូវការលំបាក ដល់ប្រជាពលរដ្ឋ​ចំនួនសរុប១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត​ គ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៣គ្រួសារ នគរបាល​ កងរាជអាវុធហត្ថ​ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យ លោកគ្រូ​ អ្នកគ្រូ​ និង កុមារតូចៗ ។

នៅល្ងាចនាថ្ងៃដដែលនេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ និងក្រុមការងារបានបន្តដំណេីរទៅពិនិត្យស្ថានភាពទឹកនៅស្ទឹងអូរកៃដន​ ពិនិត្យគម្រោងការរៀបចំប្រឡាយរំដោះទឹកកាត់ពីព្រំប្រទល់ស្រុកអូរជ្រៅ​ និងក្រុងប៉ោយប៉ែត​ និងបានឧបត្ថម្ភកងពល៥១៣នូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន៕ដោយ៖ឃិន គន្ធា