ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅថ្ងៃទី៥តុលា ម្សិលមិញនេះ បានរួមដំណើរជាមួយ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលដឹកនាំដោយ លោក គីម វីរៈ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងការនាំយកអំណោយសង្គ្រោះបន្ទាន់របស់ រាជរដ្ឋាភិបាល ទៅផ្ដល់ជូនពលរដ្ឋ ២៩គ្រួសារ ដែលរងការលិចលង់ផ្ទះសម្បែងដោយជំនន់ទឹកភ្លៀង នៅចំណុចអូរបាក់ ស្ថិតនៅក្នុង ភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា អំណោយដែលបាននាំយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងពេលនេះ គឺជាអំណោយរបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ។ លោកថា ក្នុងចំណោមប្រជាពលរដ្ឋ ២៩គ្រួសារ ក្នុងនោះ ២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព និង ៦គ្រួសារទៀត ត្រូវបាននាំយកទៅប្រគល់ជូនដល់លំនៅដ្ឋាន ដែលកំពុងរងការលិចលង់ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម តង់១ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកស៊ីអ៊ីវ ១ដប និងត្រីខ ៥កំប៉ុង ផងដែរ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អ និងកុំបណ្តោយឲ្យកូនតូចៗ ចុះលេងទឹករហេតរហូត គ្រាដែលជំនន់ទឹកភ្លៀងកំពុងជោជន់ ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមមួយកើតឡើង ដោយមិនបានដឹងជាមុន ៕ អត្ថបទ៖ ឡុង សំបូរ