ស្វាយរៀង៖ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះលោក ម៉ែន អេង អភិបាលរងខេត្តតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញ
ជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងបាវិតចំនួន២រូបរួមមាន៖
លោក រ៉េត រក្សា ឋានរស័ក្កិនាយក្រមការ ថ្នាក់លេខ៤ អភិបាលរងនៃគណៈអភិបាលរងក្រុងវិត។
លោក ប៉ែន ភារុន ឋានរស័ក្កិនាយក្រមការ ថ្នាក់លេខ៦ អភិបាលរងនៃគណៈអភិបាលរងក្រុងវិត។
ពិធីនេះមានការអញ្ជើញពី តំណាងកងកម្លាំងទាំង៣ លោកប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រី អភិបាលរងក្រុង លោកនាយករងនិងមន្ត្រីសាលាក្រុងបាវិត លោកចៅសង្កាត់និងស្មៀនទាំងប្រាំ និងមេភូមិគ្រប់ភូមិ សរុបអ្នកចូលរួមប្រមាណ១២០នាក់។
លោកអភិបាលរងខេត្តបានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
២.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។
៣.រដ្ឋបាលក្រុង ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។
៤.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
៥. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕គឹមសេង





































