ភ្នំពេញ ៖ រថយន្តកាមរីគូទស្វិតមួយគ្រឿងបើកបត់ចូលក្នុងអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ បានជ្រុលទៅបុកម៉ូតូអាយខុនមួយគ្រឿងពេញទំហឹងបណ្តាលឱ្យយុវជនជិះនៅលើម៉ូតូបីនាក់រងរបួសធ្ងន់ចំណែកម្ចាស់រថយន្តបានបើកទ្វារថយន្តរត់បាត់ស្រមោលហើយរថយន្តនិងម៉ូតូរងការខូចខាត
ទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទី យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចមុខច្រកចូលអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីគូទស្វិតមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ង.៧៣៥៤ភព២ បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវចូលទៅច្រកផ្លូវអាកាសយានដ្ឋានភ្នំពេញអន្តរជាតិក៏ជ្រុលទៅបុកម៉ូតូអាយខុន ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខភ្នំពេញ1AX-8786 ជិះគ្នាបីនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិច មកកើត ចំពេញទំហឹងបណ្តាលឱ្យយុវជនជិះម៉ូតូទាំង៣នាក់រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំការដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់ ៕


