បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ សៅរ៍ ទី ០៨ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខនិងប្រគល់អាវភ្លៀងដល់កងកម្លាំងចម្រុះគ្រប់មុខសញ្ញាធ្វើរួមនៅទីបញ្ជាការ
កងពលតូចថ្មើរជើងលេខ ៥១ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តំណាងកងកម្លាំងចម្រុះគ្រប់មុខសញ្ញានៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងព្រំដែនបានស្វាគមន៍ រាយការណ៍សង្ខេបពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការទ្រោលសភាពការណ៍និងការងារអន្តរាគមន៍នានា។
និងក៏ថ្លែងអំណរគុណចំពោះអាវរងារ ម៉ាស មី ត្រីខដែលជាអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ដែលតែងផ្តល់រាល់ឆ្នាំ ដល់កងកម្លាំងបានប្រើប្រាស់ក្នុងការបំពេញការងារ ។
ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រនិងជាតំណាងសម្តេចទាំងទ្វេរ បានថ្លែងថា : ថ្ងៃនេះ លោកនិងក្រុមការងារបាននាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែន។
នៅព្រឹកនេះ បានធ្វើនៅទីតាំងទី១ នៃបេសកកម្ម គឺនៅកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចទាំង២ ជូនចំពោះកងកម្លាំង ហើយសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ។
ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។
និងក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជារយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍៕





































