កំពង់ចាម: ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា
អភិបាលខេត្តកំពង់ចាម បានអះអាំងថា រហូតមកដល់ពេលនេះ អនុគណៈកម្មការបច្ចេកទេស បានទទួលពាក្យសុំប្រកួតបានចំនួន ៤៥ទូក ក្នុងនោះទូកអុំបុរសខ្នាតវែង ២៤ទូក ស្មេីនឹង ១២គូ និងទូកខ្នាតអន្តរជាតិចំនួន ២១ទូក ស្មើនឹង ១០គូ ចំពោះកម្លាំងកីឡាករគឺ មានចំនួន ២២០៥នាក់ និងកម្លាំងត្រៀមចំនួន ៣៧៤នាក់ សរុប ២៥៧៩នាក់ ចំពោះការប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំនៅម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រគល់រង្វាន់ជ័យលាភី លេខ១ លេខ២ និងលេខ៣ ដោយឡែកក្នុងនោះក៏មានស្តង់តាំងពិព័រណ៍ជាង១០០ស្តង់ និងការប្រគំតន្ត្រីផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវរៀបចំក្រុមការងារ ឲ្យចុះផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅតាមគោលដៅទីបញ្ជាការស្រាល ហេីយត្រូវត្រៀមប្រេីប្រាស់រថយន្តសង្គ្រោះបន្ទាន់ឲ្យបានច្រើនគ្រឿង សម្រាប់អន្តរាគមន៍ពេលមានករណីឈឺស្កាត់កេីតឡេីង។ ដោយឡែកម៉ូតូ និងរថយន្តគ្រប់ប្រភេទ មិនត្រូវអនុញ្ញាតឲ្យចូលទៅកន្លែងប្រារព្ធពិធីប្រណាំងទូកឡេីយ ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះអាជ្ញាធរក្រុងត្រូវរៀបចំឲ្យមានកន្លែងសម្រាប់ផ្ញើយានយន្ត ចំពោះក្រុមការងារ និងក្រុមកីឡាករ ត្រូវមានប័ណ្ណសម្គាល់ផងដែរ ។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាអាជ្ញាធរឃុំ-សង្កាត់ទាំងអស់ ត្រូវបន្តផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្ត ដោយសប្បាយរីករាយ ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តឡេីងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឲ្យបានច្រើនកុះករ ដោយមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់អ្នកស្ម័គ្រចិត្តផងដែរ ៕





































