ខេត្តកំពត៖ នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
ក្នុងពិធីនេះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងគណៈកម្មាធិការក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងសមាគមក្រុមប្រឹក្សាឃុំសង្កាត់ និងអង្គការ សង្គមស៊ីវិល នៅក្នុងខេត្តជាច្រើនរូប។
វេទិកាពិគ្រោះយោបល់នេះ មានគោលបំណង បង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព ។
វេទិកាពិគ្រោះយោបល់នេះ ក៏បានរំពឹងទុកថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹង បានយល់ពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តបានដោយរលូន មានសង្គតិភាព និង មានប្រសិទ្ធភាព ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម គណៈអធិបតី ក៏បានជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិកាថា កិច្ចការបន្តទៅមុខទៀតនេះសម្រាប់ក្រុមការងារកសាងផែនការក្រុង ស្រុកត្រូវត្រៀមរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគនៅថ្នាក់ក្រុង ស្រុក ដូចនេះសូម មន្ទីរ អង្គភាព អង្គការ សង្គមស៊ីវិល និងវិស័យឯកជនត្រូវត្រៀមរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោង សកម្មភាព ដែលស្នើឡើងនៅក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុកក្រុងដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក ៕ ដោយអួង វិង