កំពង់ធំ÷ នៅតាមសាលាវិទ្យាល័យនីមួយៗសិស្សានុសិស្ស យកចិត្តទុកដាក់រៀនសូត្រ និងស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ
ដែលខំជួយបង្ហាត់បង្រៀនពីមេរៀន ដើម្បីត្រៀមក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់នៅវិទ្យាល័យកំពង់ធំ បាននិមន្តព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ និងជំនួបជាមួយវាគ្មិនលោក ស៊ុយ កុកធាន ជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ ផ្ដោតលើការអប់រំសីលធម៌ គុណធម៌ ការរស់នៅរបស់ប្អូនៗ ក្មួយៗ មានការអញ្ជើញចូលរួមដោយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៦០០នាក់ រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង)ជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយបានមានសង្ឃដឺកា ថ្ងៃនេះគឺជាថ្ងៃមួយប្រកបដោយមោទនភាពយ៉ាងក្រៃលែង នៅវិទ្យាល័យកំពង់ធំ បានរៀបចំនូវកម្មវិធីដ៏មានអត្ថន័យមួយគឺ(ការគាំទឥរិយាបថវិជ្ជមានរបស់សិស្ស) ដែលផ្តោតសំខាន់ទៅលើការអប់រំសីលធម៌ គុណធម៌ និងការរស់នៅរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងនៅក្នុងសាលារៀន និងនៅក្នុងសង្គម សំដៅទៅរកឥរិយាបថមួយវិជ្ជមាននាពេលអនាគត។ កម្មវីធីនេះដែរក៏ជាជំនួយដែលចេញពីចង្កោមសកម្មភាពតូចៗ នៃកម្មវិធីមគ្គុទេសអាជីព និងការផ្ដល់ប្រឹក្សារបស់ក្រសួងអប់រំ ដើម្បីចូលរួមចំណែកអប់រំឥរិយាបថវិជ្ជមានរបស់សិស្ស ឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពលករថ្លៃថ្នូរនាពេលអនាគត។
នៅក្នុងកម្មវិធីនេះលោក ស៊ុយ កុកធាន ជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ ជាវាគ្មិនមួយដ៏ពូកែ ក្នុងការអប់រំសិស្សានុសិស្ស ត្រូវមានផែនការ និងគោលដៅពិតប្រាកដមួយក្នុងជីវិត ដើម្បីឱ្យក្មួយៗក្លាយទៅជាមនុស្សមានតម្លៃនៅក្នុងសង្គម។ ជាទូទៅសិស្សានុសិស្សនៅតាមវិទ្យាល័យនីមួយៗសង្កេតឃើញ ពីការរៀនសូត្រ មិនសូវយកចិត្តទុកដាក់គឺផ្ដោតទៅលើមេរៀន ដែលលោកគ្រូអ្នកគ្រូដាក់ឲ្យអនុវត្ត គឺមិនបំពេញនឹងធ្វើឲ្យបានទាន់ពេលវេលានោះឡើយ។
ជាចុងក្រោយលោក ស៊ុយ កុកធាន ក៏បានសំណូមពរដល់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ មេត្តាខិតខំយកចិត្តទុកដាក់ ការអប់រំគុណធម៌ និងសីលធម៌ ក្នុងការរស់នៅត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់សិស្សានុសិស្សជំនាន់ក្រោយ។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕





































