ត្បូងឃ្មុំ: ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត
និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព បន្ទាប់ពីជម្លៀសមកពីឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ សរុបចំនួន ១៣២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ។
បន្ទាប់ពីបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដេីម្បីរៀបចំការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដោយមានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ ព្រមទាំងបានក្រើនរំលឹក ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូនរស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើរថា បើសិនជាបងប្អូនណាឃើញមានល្បែងស៊ីសង ឬមានការប្រើប្រាស់នូវគ្រឿងញៀន សូមជួយរាយការណ៍មកដល់លោកមេភូមិ ហើយលោកមេភូមិរាយការណ៍មកលោកមេឃុំ ចៅសង្កាត់ លោមេឃុំ ចៅសង្កាត់ ត្រូវរាយការណ៍ ទៅលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក រាយការណ៍ទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យឯកឧត្តមមា ឱកាស់ចាត់វិធានការឲ្យកម្លាំងចុះមកបង្ក្រាបឲ្យបានទាន់ពេលវេលា ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រសិនបើមូលដ្ឋានណាកើតមានឡើងនៅល្បែងសុីសង់ អាជ្ញាធរមូលដ្ឋាននោះត្រូវទទួលខុសត្រូវ ទាំងមេភូមិ ទាំងមេឃុំ ក៏ដូចគ្នាជាមួយនឹងប៉ុស្តិ៍នគរបាល និងអធិកា មេបញ្ជាការកងរាជអាវុធហត្ថ ឬក៏អភិបាលស្រុកក្រុងទាំងអស់ ដាច់ខាតភូមយើងទាំងអស់ ៨៧៣ ភូមិដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ របស់យើងនេះ ត្រូវតែជាភូមិ << ស >> ជាភូមិ ផា សុខភាព គឺជាភូមិដែលបងប្អូនយើងអាចរស់នៅដោយសុខសាន្តត្រាន មិនមានការរស់នៅដោយភិតភ័យបញ្ហាចោរកម្មលួចឆក់ប្លន់នោះទេ ។
ជាមួយគ្នានោះ ឯកឧត្តមជាម ច័ន្ទសោភ័ណ ក៏បានសង្កត់ធ្ងន់ថា បើបុគ្គលណាដែលមានពាក់ព័ន្ធ ត្រូវតែមានទោសទាន់ មិនឲ្យរួចខ្លួនទេ ជាការក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានរបស់យើង កងកម្លាំងរបស់យើងនៅតាមមូលដ្ឋាន អ្នកដែលប៉ះពាល់ត្រូវតែមានទោសទាន់ ដកចេញពីមន្ត្រីរាជការ ដកចេញពីកងកម្លាំង ហើយត្រូវមានទោសទាន់ថែមទៀត ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀលផងដែរ ៕





































