ខេត្តកំពត ៖
សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតវែងកាប់ម្តាយបង្កើតឱ្យរងរបួសដេរ១៥ថ្នេរព្រោះតែខឹងស្តីបន្ទោសរឿងផឹកស្រា។
ករណីដ៏ឃោឃៅនេះបានកើតឡើង ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ ។
លោកវរសេនីយ៍ទោសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ។ចំណែកជនសង្ស័យជាកូនប្រុស ឈ្មោះ ហ៊ិន ប៉ឹប អាយុ៣៣ឆ្នាំ។គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើលោកអធិការបានបន្តថា ករណីកូនប្រុសបង្កើតយកកាំបិតកាប់ម្តាយនោះព្រោះតែខឹងរឿងស្តីបន្ទោស។ អំពើហិង្សានេះបានបណ្តាលឱ្យម្តាយរងរបួសដោយដាច់រយះសរសៃដើមដៃស្តាំដេរចំនួន១៥ថ្នេរ។ក្រោយទទួលដំណឹងភ្លាមៗ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីង សហការជាមួយនគរបាលជំនាញផ្នែកព្រហ្មទណ្ឌស្រុកបានចុះចាប់ជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋានដើម្បីបន្តនីតិវិធី៕