ខេត្តបាត់ដំបង ÷ ចាប់ពីរសៀលថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយដងស្ទឹងសង្កែ កណ្តាលក្រុងបាត់
ដំបង មានរៀបចំប្រារព្ធពិធីបុណ្យអុំទូក យ៉ាងឱឡារិកជាទីបំផុត។
នៅរសៀលនេះដែរគេសង្គេតឃើញថា មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករទាំងសងខាងដងស្ទឹង ព្រមទាំងមានការរៀបចំនៅលើផ្ទៃទឹកយ៉ាងស្រស់ស្អាតផងដែរ ។
គួរបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំជាលើកដំបូង ក្រោយពីមានការអាក់ខានអស់រយ:ពេលជាង២ឆ្នាំ ដោយសារជម្ងឺកូវីដ១៩ រាតត្បាត ។
នៅរសៀលថ្ងៃនេះដែរ គណកម្មការរៀបចំបុណ្យអុំទូកបានបញ្ជាក់ថា ទូកដែលបានចូលរួមមានចំនួន ៣៥ គូ ទាំងខ្នាតខ្លី និងខ្នាតវែង និងមានកីឡាករ កីឡាការនី ដែលជាអ្នកចែវមានចំនួន ជាង១ពាន់នាក់ ។
នេះជាឱកាសដ៏ឱឡារិកជាទីបំផុតដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីនេះឡើង ដែលជាប្រពៃណីរបស់ខ្មែរ តាំងពីយូរលង់ណាមកហើយ ក្នុងការរំលឹកដល់វីរភាពរបស់បុព្វបុរសខ្មែរ ដែលជាអ្នកក្លាហានក្នុងការប្រយុទ្ធជាមួយសត្រូវនៅលើផ្ទៃទឹក ៕ អត្ថបទ : ព្រាប.ស





































