សៀមរាប៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង
សហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពកុមារពីរនាក់បងប្អូនជីដូនមួយ ស្លាប់ដោយសារលងទឹកប្រឡាយ នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានជម្រាបជូនក្រុមគ្រួសារសពថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក នាំយកនាំយកអំណោយមនុស្សធម៌ចូលបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារផង។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
អាណាព្យាបាលនៃសពបានឱ្យដឹងថា ករណីគ្រោះថ្នាក់លង់ទឹកស្លប់នេះ បានកើតឡើងកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១.០០នាទី នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប បណ្ដាលឱ្យស្លាប់កុមារ២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា រួមមាន៖
១. កុមារី ណយ សារួន អាយុ៥ឆ្នាំ
២. កុមារី ពៃ រីសែត អាយុ៥ឆ្នាំ រៀនមត្តេយ្យ
សម្ភារចូលរួមបុណ្យក្នុង១សពមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា២សែនរៀល។ ជាមួយគ្នានេះដែរ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ក៏បានចូលរួមថវិកាចំនួន៨ម៉ឺនរៀល និងរដ្ឋបាលឃុំរើលចូលរួបថវិកាចំនួន១សែន១ម៉ឺនរៀលផងដែរក្នុង១សព៕




































