ខេត្តបាត់ដំបង ÷ នៅក្នុងពិធីបុណ្យអុំទូក ដែលបានប្រារព្ធឡើង រយ:ពេល២ថ្ងៃ នាខេត្តបាត់ដំបង គឺមានចំនួនភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងក្រុងបាត់ដំបង យ៉ាងច្រើនកុះករគួរជាទីមោទន: គឺមានរហូតដល់ជិត ២០ មុឺននាក់ បន្ទាប់ពីមានការអាក់ខានរយ:ពេល២ឆ្នាំ ដោយសារជម្ងឺកូវីដ-១៩។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យអុំទូក ដោយមានទូកចូលរួមចំនួន៣៥គូ និងមានកីឡាករ កីឡាការនី ចូលរួមជាង ១.០០០ នាក់ ។
ក្រោយពីមានការអាក់ខានរយ:ពេល២ឆ្នាំ កន្លង ផុតទៅ គេសង្គេតឃើញថា មនុស្សម្នា មកពីគ្រប់ច្រកល្ហក ទាំងក្នុងខេត្ត និងក្រៅខេត្ត បានធ្វើដំណើរមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីនេះ ដោយសារតែក្រៅពីកម្មវិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំអោយមានស្តង់លក់ទំនិញគ្រប់ប្រភេទ ព្រមទាំងមានក្រុមតន្ត្រីខនសឺត ប្រគុំកំដរនៅសួននាគបាញ់ទឹកផងដែរ។
យោងតាមរបាយរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្តបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរសរុបដែលចូលមកកម្សាន្ត នៅក្នុងរយ:ពេល ២ ថ្ងៃ សរុបមានចំនួន ១៨៩.១៦៧ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១៨៨.៩៥៧ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ២១០ នាក់ ដែលចំនួននេះ គឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់មុខមាត់ខេត្តបាត់ដំបង នាពិធីបុណ្យអុំទូក ឆ្នាំ២០២២ នេះ ៕ អត្ថបទ : ព្រាប.ស





































