ច្រកអន្តរជាតិដូង បិទការធ្វើចរាចរ ដោយសារទឹកជន់ខ្លាំង

ខេត្តបាត់ដំបង ÷ ច្រកអន្តរជាតិដូង ដែលផ្សាភ្ជាប់ពីស្រុកកំរៀង ខេត្តបាត់ដំបង ទៅកាន់ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ត្រូវបានបិទជាបណ្តោះអាសន្ន នូវការធ្វើចរាចរសម្រាប់រថយន្តគ្រប់ប្រភេទ ដោយសារទឹូរព្រំដែនឡើងខ្លាំង។
យោងតាមប្រភពពីព្រំដែនបានបញ្ជាក់ថា ចាប់តាំងពីព្រលប់ថ្ងៃទី១០ រហូតមកទល់និងព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ទឹកអូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានចាប់ផ្តើមហក់ឡើងយ៉ាងលឿនបំផុត ដែលបណ្តាលអោយលិចច្រកអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅព្រឹកនេះដែរ សមត្ថកិច្ចជួរមុខ បានបិទបារ៉ាស់ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតអោយមធ្យោបាយគ្រប់ប្រភេទ ធ្វើចរាចរឆ្លងកាត់ឡើយ ព្រោះខ្លាចជួបនឹងបញ្ហាណាមួយជាយថាហេតុ ដោយរង់ចាំដល់ទឹកស្រកសិន។
ដោយឡែកនៅតាមតំបន់មួយចំនួនក្បែអូរព្រំដែនក៏កំពុងទទួលរងនូវទឹកជំនន់នេះដែរ ដោយសារតែតំបន់ខ្លះជាតំបន់ទំនាប គឺធ្វើអោយទឹកអូរព្រំដែនបែកធ្លាយហូរកាត់តែម្តង ហើយកម្ពុជាថ្មីនឹងផ្សាយបន្ថែមទៀត នៅពេលដែលមានអ្វីប្រែប្រួល ៕ អត្ថបទ : ព្រាប.ស