ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រគល់ពានរង្វាន់ដល់កីឡាករ​​ប្រណាំង​ទូក​ង​ នៅ​ក្រុង​កំពង់ចាម​ ខណៈ​ភ្ញៀវទេសចរ​ច្រើនកុះករបានមកទស្សនា​កម្សាន្ត​សប្បាយរីករាយ

កំពង់ចាម​:​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បាន​អញ្ជើញ​ ប្រគល់​ពានរង្វាន់​ដល់​ក្រុម​កីឡាករ​ប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុង​កំពង់ចាម​ ​ខណៈ​ភ្ញៀវទេសចរណ៍​ច្រើនកុះករ​បានមក​ទស្សនា​កម្សាន្ត​សប្បាយរីករាយ​ ក្នុងពិធីប្រណាំងទូក​ បណ្តែតប្រទីប តាំងពិពណ៍​ និងអុចកាំជ្រួច​ ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរខេត្ត​កំពង់ចាម​ កាលពីថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២២ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា​ជា​ច្រើន​រូប​ផងដែរ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាពនោះ​ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​ប្រណាំង​ទូក​នេះ​ឡើង​ ដោយមានទូក ង​ ចំនួន​៤៥ទូក មកពីបណ្តាវត្ត​ ក្នុងក្រុង​-ស្រុករបស់ខេត្តបានចូលរួមប្រកួតប្រជែង​ ក្នុងនោះនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច​ ការតាំងពិព័រណ៍ជាង​១០០ស្តង់​ ដេីម្បី​បង្ហាញ​សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំង​មាន​ការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ។​

បន្ទាប់ពីពិធីប្រណាំងទូកត្រវបានបញ្ចប់ គណៈអធិបតី​បានប្រគល់ពានរង្វាន់ជ័យលាភីដល់កីឡាករប្រណាំងទូក «ង» ក្នុងនោះ​ប្រភេទ​ទូកវែង លេខ១ បានទៅលើទូកឈ្មោះ​ កៀនជ្រៃស្រីស្រស់ លេខ២ បានទៅលើទូកឈ្មោះ​ ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ​ និងលេខ៣ ទៅលើទូកឈ្មោះ រកាខ្នុរសែនជ័យសិរីឧត្តម​ ។ ប្រភេទទូកខ្នាតអន្តរជាតិផែនលេខ ១ បានទៅលើទូកឈ្មោះ រំចេកសែនជ័យ និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ រាជសីសែនជ័យ និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ អាស្រមទួលចារ ខេមរាសែនជ័យបារមីកីឡាករ ។ ចំពោះ​ជ័យលាភីលេខ​ ១ ទទួលបាននូវពាន​ ១ ថវិកា ២ លានរៀល , ជ័យលាភីលេខ ២ បានពាន​ ១ ថវិកា ១ លានប្រាំសែនរៀល , និងជ័យលាភីលេខ ៣ ទទួលបានពាន​ ១ ថវិកា ១ លានរៀល និងទទួលបាន​សម្ភារៈ​គ្រឿងឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ​ ៕