ត្បូងឃ្មុំ: ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឲ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង ។ ជុំវិញបញ្ហានេះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ ។
ក្រោយចុះពិនិត្យដោយផ្ទាល់នេះឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ឲ្យដឹងថា ជាជំហ៊ានដំបូងរដ្ឋបាលខេត្តនិងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន ។ ជំហ៊ានបន្តនិងឲ្យមន្ទីជំនាញ ដូចជាមន្ទី សាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលំអិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិញ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា គិតត្រឹមថ្ងៃទី១១ ខែតុលានេះ មិនទាន់មានរបាយការណ៍លំអិត ថាមានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ តែយ៉ាងណាផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនឹងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិនដើម្បីកុំឲ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
បើតាម លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ ។ លោកថាជំហានដំបូងនេះមានតែចាក់ថ្ម ជាបណ្តោះអាសន្នដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ។ ហេីយនៅពេលដាច់ទឹកភ្លៀងក្រសួងដ៏ដូចជាមន្ទីរ នឹងសិក្សាលំអិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាតគឺជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ជនបទ ។
ជាមួយគ្នានោះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងដែរថា ជំហ៊ានដំបូងនេះខាងមន្ទីនឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហ៊ានបន្ទាប់ចាក់កំទេចថ្មជាបណ្តោះអាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យខាងលើនេះរងការខូចខាតខ្លាំងប្រមាណជា១៥គីឡូម៉ែត្រ៕





































