អភិបាលស្រុកស្ទោង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន២៥០គ្រួសារ

0

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១១ខែតុលា ឆ្នាំ២០២២
លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង និងសហការី បានអញ្ជើញ យកអំណោយជាស្បៀងអាហារផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជួបការលំបាកដោយទឹកជន់ ស្ថិតនៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកបន្ថែមថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវបង្ការកុំឲ្យមានឧបទ្ទវហេតុអគ្គភ័យកើតឡើងលើគ្រួសារណាមួយជាពិសេសត្រូវត្រួតពិនិត្យខ្សែចំលងអគ្គិសនីឲ្យបានទៀងទាត់ យកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។
ជាមួយនេះដែរលោក បានសុំឲ្យមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលមានបានរងគ្រោះដោយទឹកជំនន់នេះដែរ ដែលមានជីវភាពប្រសើរឡើង កុំមានការអាកអន់ស្រពន់ចិត្តជាមួយអាជ្ញធរមូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាបាល ព្រោះការចែកជូនពេលនេះសម្រាប់តែបងប្អូនដែលរងគ្រោះកំពុងមានជីវភាពខ្វះខាតប៉ុណ្ណោះ។

លើសពីនេះទៀត លោក សាយ គឹមឡម បានឲ្យអាជ្ញាធរឃុំចំណារក្រោម ចុះស្រង់ស្ថិតិបរិមាណស្រែស្រូវ ដីចម្ការ ដំណាំ ដែលបានលិចលង់ខូចដោយទឹកជំន់ ឲ្យបានជាក់ស្តែង ជាពិសេសស្រែ ចម្ការដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែនិងដាំដុះស្តារឡើងវិញ ក្នុងពេលដែលទឹកស្រកក្នុងពេលឆាប់ៗនេះ។

លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយដើម្បីកសាងប្រទេសឲ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា ប្រជាពរដ្ឋចំនួន២៥០គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ ទឹកបរិសុទ្ធ០១កេសផងដែរ៕