ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់២០ គ្រួសាររស់នៅឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ ពីឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរដែនដីនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្ភអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានសំណូមពរប្រជាពលរដ្ឋមើលថែទាំកូនចៅតូចៗ មិនត្រូវបណ្ដែតបណ្ដោយឱ្យលេងទឹក ខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត នឹងត្រូវខិតខំថែរក្សាសុខភាពអនាម័យ ក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺផ្សេងៗ ។
ចំណែកអំណោយ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រចាន់មន្នី ត្រូវបានឧបត្ថម្ភជូនបងប្អូន២០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកពិសាបរិសុទ្ធ១កេស និងត្រីខកំប៉ុង១យួរ និងបានចាត់តាំងក្រុមគ្រូពេទ្យ ដើម្បីផ្ដល់ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី បានអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ប៊ុន រដ្ឋា