កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងឃុំចំនួន៣ នៃស្រុកកងមាស ដែលរងផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដេីម្បីរកដំណោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែលរងផលប៉ះពាល់ប្រមាណជា ៦៥៦ហិកតា និងខូចខាតប្រមាណជា ៤៧៣ហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវរងការខូចខាតបង្ករឲ្យមានការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាស ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីជំនាញ ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វេីយ៉ាងណាត្រូវស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ចំពោះផលដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាត ឲ្យបានឆាប់រហ័ស ដេីម្បីរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីស្នើសុំពូជស្រូវយកទៅចែកជូនប្រជាពលរដ្ឋជាបន្ទាន់ ដេីម្បីឲ្យពួកគាត់ធ្វើការដាំដុះស្តាឡើងវិញឲ្យបានទាន់ពេលវេលា ក្នុងពេលឆាប់ៗនេះ ។
បេីតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ សរុប ៦៥៦ហិកតា និងខូចខាត ៤៧២ហិកតា ក្នុងឃុំចំនួន ៣ គឺឃុំព្រែកក្របៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង នៃស្រុកកងមាស ៕





































