ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះទី២១៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
លោកពលបាលឯក សយ សុខ អាយុ៥១ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៦ នៅវរសេនាតូចលេខ៦ ខេត្តបាត់ដំបង បានជាន់មីនរបួសពិការជើងខាងស្តាំនៅឆ្នាំ១៩៩១ ក្នុងសមរភូមិប្រយុទ្ធភូមិកំរៀង ខេត្តបាត់ដំបង
មានភរិយានិងកូននៅក្នុងបន្ទុក៦នាក់ មានជីវភាពលំបាកខ្វះខាត និងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឲ្យបានសមរម្យ ទើបក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៦ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ អនុវត្តន៍ឲ្យវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បីការពារនិងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ។
នៅក្នុងពិធីប្រគល់ផ្ទះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនមានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ០១ កេស ត្រីខ០១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំងចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀតព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោកសយ សុខ អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ អំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត លោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕ដោយ ប៊ុន រដ្ឋា