ខេត្តព្រះវិហារ៖ ប្រជាកសិករផលិតស្រូវក្នុងខេត្តព្រះវិហារ ត្រូវតាមឲ្យជាប់ចំពោះក្ដីសង្ឃឹមរបស់ខ្លួន ក្នុងការលក់ស្រូវ ពីព្រោះថា ពេលនេះក្រុមហ៊ុនធំៗ ចំនួន ២ មានផែនការទិញស្រូវសរីរាង្គ ឱ្យបាន ២,៥០០តោន ក្នុងឆ្នាំ២០២២នេះ ពីសហគមន៍ចំនួន ១០ក្នុងខេត្តព្រះវិហារ តាមរយៈផលិតកម្មកសិកម្ម តាមកិច្ចសន្យា ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមវត្តមាន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្រុមហ៊ុនទាំង ២ នេះ មានក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឱ្យដឹងថា ការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាលើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ សរុបជិត ៨ម៉ឺនតោន ក្នុងនោះ មានស្រូវសរីរាង្គ ១៥,៣៥០តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន, ស្វាយចន្ទីសរីរាង្គ៥០០តោន និងសណ្ដែកដីសរីរាង្គ៣០តោន, ដែលធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់។
សម្រាប់ក្រុមហ៊ុនចំនួន ២នាពេលនេះផ្ទាល់ បានបន្ដកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្ម១០ ដែលមានអ្នកផលិត ១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប ២,៥០០តោនឯណោះ។
អគ្គនាយករងនៃក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ លោកស្រី សៅ សុនិតា បានឱ្យដឹងផងដែរថា នេះជាឆ្នាំទី៤ហើយ ដែលក្រុមហ៊ុនបានចាប់ដៃគូសហការជាមួយកសិករ ខេត្តព្រះវិហារ ក្នុងការបញ្ជាទិញស្រូវសរីរាង្គសម្រាប់កែច្នៃនាំចេញទៅទីផ្សារអន្ដរជាតិ ដែលក្នុងនោះមានទាំងទីផ្សារក្នុងតំបន់អាស៊ី អឺរ៉ុប អាមេរិកជាដើម។
លោកស្រី សៅ សុនិតា បានបន្តថា នៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន, ឆ្នាំទី៣ ចំនួន ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុននៅតែបន្ដបញ្ជាទិញក្នុងបរិមាណមិនប្រែប្រួល ក្នុង១៥០០តោនដដែល ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមានផែនការថា នឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែម ទៀត។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់ នូវកិច្ចសន្យាមួយ ដែលអាចចាត់ទុកថា ជាខ្សែបន្ទាត់ ឬជានីតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញ ដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា សម្រាប់មុខរបរ អាជីវកម្ម ទិញ-លក់ស្រូវសរីរាង្គ៕ ដោយ៖ឡុង សំបូរ