ខេត្តស្វាយរៀង៖លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកស្រី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជា អធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០ គ្រួសារ និងគ្រួសារ ជួបការលំបាក ១០០ គ្រួសារ សរុបចំនួន ៥០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងពិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី ដែបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ផ្ទះ ៤០០ ខ្នង ស្មើនឹង ៤០០ គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០ គ្រួសារ នៅភូមិជីកដី នាពេលនេះ និងបានថ្លែងនូវ ការកោតសរសើរ និងការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងម បានចូលរួមសហការតាមការចង្អុល ណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែ ដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេស កិច្ចគាំទ្រដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បាន ជួយសម្រួល ដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យបងប្អូន បានមកស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ទៅ ២៩៦ គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣ គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូន មករដ្ឋវិញផងដែរ ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែកក្នុងការសហការ និងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល.ក្រសួង ក៏ដូចជា រដ្ឋបាលខេត្តស្វាយរៀង ដើម្បីសម្រេចបានលទ្ធផលល្អ ដូចយើងបានឃើញស្រាប់ នាពេលនេះ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថាៈ ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ ខ្ញុំក៏សូមឲ្យអាជ្ញាធរខេត្ត ស្រុក រួមទាំងមន្ទីរ-អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការ បំពេញបន្ថែម ក្នុងនោះ ក៏សូមឲ្យមានការគិតគូរផងដែរ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រ ដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់តែម្ដង ដែលអាចឲ្យបងប្អូន មានឱកាសក្នុងការរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ តាមរយៈការបង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គ សម្រាប់ផ្គង់ផ្គង់ទីផ្សារ និសិប្បកម្ម ដែលធ្វើដោយដៃ ជាដើម ។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូន លើការងារបណ្ដុះបណ្ដាលជំនាញទាំងអស់នេះ ក៏ដូចជា ជួយរកទីផ្សារសម្រាប់លក់នូវ ផលិតផលដែលបងប្អូនផលិតបាន ។ ទន្ទឹមនោះ សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់ បងប្អូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវ ការជូនបងប្អូន ឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ ប.ស.ស. ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោល នយោបាយ គាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍ សម្រាប់បងប្អូនគ្រួសារអតីត យុទ្ធជន ។
លោកក៏បានសំណូមពរ ដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលមិនទាន់បានមកស្នាក់នៅ អចិន្ត្រៃយ៍ អញ្ជើញមកស្នាក់នៅផ្ទះ ដែលបានប្រគល់ជូនរួចហើយ ឲ្យបានជាប់លាប់ ព្រោះដោយហេតុថា នាពេលខាងមុខនេះ ក្រុមការងារជំនាញ នឹងចុះធ្វើការវាយតម្លៃ តាមនីតិវិធី មុននឹងឈានទៅចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមគោលការណ៍ច្បាប់ ដែលបានកំណត់ ត្រូវចូលរួមជួយថែទាំទ្រព្យសម្បត្តិសាធារណៈ ដែលមាននៅទីនេះ ឲ្យបានគង់វង្ស ប្រើប្រាស់យូរអង្វែង និងសូមអញ្ជើញទទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ ហើយក្នុងករណីដែលមានការជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗ ត្រូវរួសរាន់លើកសំណើ ឬសំណូមពរ និងរាយការណ៍ ជូនអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីមានវិធាន ការដោះស្រាយឲ្យបានទាន់ពេលវេលា ។
ដោយឡែក អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ រួមមាន អង្ករ ២០គីឡូក្រាម មី១កេសត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូលាងដៃ ២ដុំ និងថវិកា ១០០.០០០ រៀល៕






































