កំពង់ចាម: លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ បានជម្រុញដល់កងកម្លាំងមានសមត្ថកិច្ច ឲ្យសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដេីម្បីបង្ក្រាបឲ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញឿនខុសច្បាប់ និងអំពើចោរកម្មផ្សេងៗ ពោលគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដេីម្បីរក្សាសេចក្ដីសុខជូនប្រជាពលរដ្ឋ ការស្នើឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនោះ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានលើកឡើងថា បញ្ហាបទល្មើសគ្រឿងញឿន បេីយេីងចេះតែបណ្តែតបណ្ណោយនោះ ទីបញ្ចប់បញ្ហាធ្លាក់មកលើគ្រួសារយើងក៏អាចថាបាន ព្រោះថាកូនចៅយើងនៅក្មេងខ្ចីងាយនឹងធ្លាក់ក្នុងការអុូសទាញណាស់ ដូច្នេះសូមឲ្យមានការចូលរួមទាំងអស់គ្នា ដេីម្បីទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ចំពោះអំពើចោរកម្ម សូមឲ្យម្ចាស់ទ្រព្យសម្បត្តិទាំងអស់ ចូលរួមជាមួយអាជ្ញាធរសមត្ថកិច្ចយើង តាមរយៈការប្រុងប្រយ័ត្នខ្ពស់ បេីទុកម៉ូតូនៅកន្លែងណាមួយ សូមកុំទុកទាំងកូនសោនៅជាមួយម៉ូតូអី ហេីយមុននឹងចាកចេញទៅណាម្តងៗ សូមធ្វើការចាក់សោទ្វារផ្ទះ និងសោទ្វាររបងផងដែរ ។
ជាមួយគ្នានោះ លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកព្រៃឈរ ក្រោមការដឹកនាំដោយលោក ខេង ម៉េងឈុន ដែលបានចុះអន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយទាន់ពេលវេលា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ ក្រុមការងារបានកាត់ផ្លូវជាតិលេខ៧ ដេីម្បីដាក់លូរំដោះទឹកចេញពីផ្លូវជាតិលេខ៧ ដែលបានលិចលង់ដោយជំនន់ទឹកភ្លៀង និងការស្រង់ទិន្នន័យស្រូវ ដែលបានខូចខាតដោយលិចទឹក ដេីម្បីស្នេីសុំគ្រាប់ពូជពីថ្នាក់ជាតិ ជូនប្រជាពលរដ្ឋ ដេីម្បធ្វើការដាំដុះស្តាឡើងវិញផងដរ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក មាស ទួក បានលើកយករបៀបវារៈសំខាន់ៗ មកពិនិត្យ ពិភាក្សា ដេីម្បីអនុម័ត ក្នុងនោះ ១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ ។ ២- សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ ។ ៣- សេចក្តីព្រាងរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ។ ៤- សេចក្តីព្រាងរបាយការណ៍កិច្ចលទ្ធកម្ម ត្រីមាសទី៣ ឆ្នាំ២០២២ ។ ៥- សេចក្តីព្រាងល័ក្ខខ័ណ្ឌការងាររបស់មន្ត្រីក្នុងរដ្ឋបាលស្រុកព្រៃឈរ ។ និង៦-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងការបែងចែកប្រាក់រង្វាន់ សម្រាប់មន្ត្រីប្រចាំខែកញ្ញា ឆ្នាំ២០២២ ៕





































