រដ្ឋបាលស្រុកស្ទោង ប្ររព្ធពិធីបង្សុកូល និងគោរពព្រះវិញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋគំរប់១០ឆ្នាំ

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុក និងលោក ព្រំ សោន សមាជិកក្រុមប្រឹក្សា តំណាងលោក សោម វណ្ណថន  ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានដឹនាំមន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងទាំងបី បានអញ្ជើញប្រារព្ធពិធី បង្សុកូល គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ គំរប់១០ឆ្នាំ ។

ថ្លែងនៅក្នុងឱកាសនេះ លោក សាយ គឹម ឡម  បានបញ្ជាក់ឲ្យដឹងថា  ការប្រារព្ធពិធីនៅពេលនេះ គឺនឹករំលឹកស្រណោះស្រណោចដល់ទ្រង់  និងជាការគោរពថ្លែងអំណរព្រះគុណ ដល់មហាគុណូបការៈ របស់សម្តេចព្រះបរមរតកោដ្ឋ  កាលដែលទ្រង់គង់នៅមានព្រះជន្មនៅឡើយ ទ្រង់បានលះបង់ព្រះកាយពល បូជាដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។  ពិសេសគឺការដឹកនាំប្រជារាស្ត្រព្រះអង្គរហូតដល់ឆាកអន្តរជាតិ តស៊ូប្រយុទ្ធប្រឆាំងទាមទារ ឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ យ៉ាងត្រចះត្រចង់ដែលបានចារក្នុងក្រាំងមាស  មួយវិញទៀតគឺដើម្បីយិតយោងសណ្តោងព្រះវិញ្ញាណក្ខន្ធ របស់ទ្រង់ ឲ្យបានទៅដល់ឋានបរមសុខកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ផងដែរថា សម្តេចព្រះបរមរតនកោដ្ឋទ្រង់បានប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២  នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ហើយទ្រង់បានសោយទីវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២  នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។