(កំពង់ធំ)៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ លោកវីរៈសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ដឹកនាំកម្លាំងអន្តរាគមន៍ ស្រុក និងអាជ្ញាធរមូលដ្ឋានស្រុក បានចុះសួរសុខទុក្ខសំណេះសំណាល និងចែកជូនអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋចំនួន១៩០គ្រួសារ(អញ្ជើញមកពីឃុំឈូក និងឃុំគោល)ដែលមានទីតាំងស្ថិតនៅវត្តកំពង់ស្បូវ ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោកវីរៈសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក ជំរុញមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទឹកជំនន់នេះតែម្ដងត្រូវតាមដាន នៅសភាពការណ៍ទឹកឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីងាយស្រួលផ្ដល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានលើកឡើងថា មិនត្រឹមតែស្បៀងនោះទេ សម្ដេចតេជោ ហ៊ុន សែន បានគិតគូរនៅគ្រាប់ពូជស្រូវ ត្រៀមរួចជាស្រេចហើយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលទឹកស្រក់ទៅវិញ ដើម្បីបន្តវិស័យកសិកម្មឡើងវិញអោយបានគ្រប់ៗគ្នា។
ក្នុងនោះផងដែរលោកអភិបាលស្រុកប្រាសាទសំបូរបានបញ្ជាក់ទៀតថា នៅពេលដែលទឹកស្រក សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធនឹងធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យមានសុវត្ថិភាព ។
ជាក់ស្ដែងលោកអភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា ក្នុងឆ្នាំនេះហាក់បីដូចជាគ្មានរដូវប្រាំងសោះ គឺសង្កេតឃើញថាមានភ្លៀងជាប្រចាំ ដូច្នេះហើយធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសខកខានការអភិវឌ្ឍនៅតាមភូមិឃុំស្រុកមួយធំ ឆ្នាំនេះមានកម្ពស់ទឹករហូតដល់ ១ម៉ែត្រកន្លះ។ សូមបងប្អូនរក្សាសុខភាពឲ្យបានល្អ តាមបួនអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៩០គ្រួសារមានលំនៅឋានមកពី ឃុំឈូក និងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ ៕







































